ពិធីសម្ពោធដាក់ឱ្យដំណើរការឡើងវិញស្ថានីយប្រេងឥន្ធនៈ ភីធីធី នាគវ័ន្ត (21-03-2025)
នៅព្រឹកថ្ងៃសុក្រ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន ភីធីធី (ខេមបូឌា) បានប្រារព្ធពិធីសម្ពោធដាក់ឱ្យដំណើរការឡើងវិញស្ថានីយប្រេងឥន្ធនៈ ភីធីធី នាគវ័ន្ត អបអរសាទរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ និងអបអរសាទរខួបលើកទី៣០ នៃភាពជោគជ័យរបស់ ក្រុមហ៊ុន ភីធីធី (ខេមបូឌា) ដែលបានបើកដំណើរនៅប្រទេសកម្ពុជាអស់រយះពេល៣០ឆ្នាំកន្លងមក ក្រោមអធិបតីភាពឯកឧត្តម ជៀប សួរ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ឯកឧត្តម ទុន ត្រៃ សុរាដ ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា អ្នកអង្គម្ចាស់ ពិកថង ថងយ៉ៃ នាយកប្រតិបត្តិក្រុមហ៊ុន ភីធីធី អូអា និងមន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន ភីធីធីអូអា PTTOR និងគណៈគ្រប់គ្រងក្រុមហ៊ុន ភីធីធី (ខេមបូឌា)។ កាលពីដើមឆ្នាំ២០២៤ កន្លងមកស្ថានីយប្រេងឥន្ធនៈ ភីធីធី នាគវ័ន្ត ត្រូវបានផ្អាកដំណើរការដើម្បីធ្វើការជួសជុលកែលម្អទ្រង់ទ្រាយធំ និងរៀបចំរចនាស្ថានីយឡើងវិញក្នុងរូបរាងថ្មី និងស្រស់ស្អាតដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជាហើយបានពង្រីកចំណតរថយន្ត កែលម្អច្រកចេញ-ចូល ឱ្យកាន់តែមានភាពងាយស្រួលជាងមុន រួមទាំងបន្ថែមស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនី EV Station Pluz អគារមានកម្ពស់២ជាន់ដ៍ប្រណិតសម្រាប់អាជីវកម្ម Lifestyle ជាច្រើន និងសម្រាប់ ហាងកាហ្វេ Café Amazon ឱ្យមានទីធ្លាធំទូលាយ លើសពីនេះទៅទៀតមានបន្ថែមនូវ អាជីវកម្មថ្មីៗដ៍សម្បូរបែបជាច្រើនដូចជា ហាងបោកគក់ទំនើប Otteri Wash & Dry ហាងទំនិញ 7-ELEVEN Mike Burger ជាដើម ដែលបានត្រៀមរួចជាស្រេចក្នុការបម្រីសេវាកម្មជូនអតិថិជនទាំងអស់ចាប់ពីពេលនេះតទៅ។
